សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ, កម្ពុជា — លោក រី សុវណ្ណៈ (RY Sovannak) បានប្រកាសជាផ្លូវការថា Mister Universe International Cambodia 2025 នឹងតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងការប្រកួត Mister Universe International ដែលនឹងប្រព្រឹត្តិឡើងនៅប្រទេសប៉ាណាម៉ា ចាប់ពីថ្ងៃទី ២ ដល់ ១២ តុលា ឆ្នាំ ២០២៥។
ក្នុងឱកាសដូចគ្នានេះ លោក សុវណ្ណៈ ក៏បានចេញបទចម្រៀងថ្មីមានចំណងជើង «Cambodia Needs Peace» ដែលជាបទចម្រៀងបង្ហាញសំឡេងនៃកម្ពុជា ដើម្បីប្រាប់ទៅកាន់ពិភពលោកថា កម្ពុជា ជាប្រទេសសន្តិភាព។ បទចម្រៀងនេះមានគោលបំណងអំពាវនាវឲ្យអង្គការ UNESCO ការពារវប្បធម៌ និងប្រាសាទសំខាន់ៗ របស់កម្ពុជា រួមទាំងប្រាសាទព្រះវិហារជាដើម ដែលថ្មីៗនេះត្រូវបានបំផ្លាញដោយកងទ័ពថៃ។
ក្នុងបទចម្រៀងនេះ លោក សុវណ្ណៈ ក៏បានអំពាវនាវឲ្យប្រទេសថៃ ដោះលែងយោធាកម្ពុជាដែលកំពុងជាប់ឃុំឲ្យទទួលសេរីភាពវិញ ដើម្បីបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ និងចង់ប្រាប់ថាកម្ពុជាទាមទារសន្តិភាព។
«Cambodia Needs Peace» គឺជាបទចម្រៀងភាសាអង់គ្លេសលើកទីពីររបស់លោក សុវណ្ណៈ បន្ទាប់ពីបទដំបូង «Mister International Cambodia»។ បទទាំងពីរនេះអាចស្តាប់បានតាម Youtube, Apple Music, Spotify របស់ លោក រី សុវណ្ណៈ (RY SOVANNAK) ផងដែល ហើយលោកក៏មានផែនការចេញបទចម្រៀងថ្មីនៅចុងឆ្នាំ ២០២៥ ផងដែរ។